Friday, April 27, 2018

39과 មេរៀនទី ៣៩ តើ «ប្រយោគ» មានន័យអ្វី?

오늘은 2018년 4월 27일 금요일입니다.


មេរៀនយើងថ្ងៃនេះ ខ្ញុំនឹងលើកយកពាក្យថា «ប្រយោគ» មកពន្យល់បន្ដិច ។

តើ «ប្រយោគ» មានន័យយ៉ាងម៉េច?
«ប្រយោគ» គឺជា ការរៀបពាក្យនិយាយ ដែលមានន័យគ្រប់គ្រាន់ ស្ដាប់បាន មិនថាការនិយាយនោះ វែង ឬខ្លី មួយម៉ាត់ ឬពីរម៉ាត់អីទេ ឲ្យតែយល់ន័យគ្នាបាន គឺរាប់ថាជា «ប្រយោគ» ។

តើនៅក្នុងធាតុរបស់ប្រយោគមានអ្វីខ្លះ?
ភាសានិយាយ គឺចេះតែនិយាយទៅ មិនបានគិតដល់ធាតុផ្សំរបស់ប្រយោគទេ ។ តែក្បួនវេយ្យាករណ៍ បានកំណត់យ៉ាងច្បាស់ទៅតាមភាសានិយាយនីមួយៗ ។ នៅក្នុងភាសាខ្មែរយើង ជាទូទៅ «ប្រយោគ»​ ផ្សំឡើងមកពី
«ប្រធាន» + «កិរិយាស័ព្ទ» + «កម្មបទ» + «។»
ប្រយោគ ក៏មានលក្ខខ័ណ្ឌច្រើនជាងនេះទៀត តែខ្ញុំសុំមិនទាន់និយាយទេ ។

ដោយសារប្រយោគមានធាតុផ្សំ អញ្ចឹងយើងត្រូវការស្គាល់
-អ្វីទៅជា «ប្រធាន»?
-អ្វីទៅជា «កិរិយាស័ព្ទ»?
-អ្វីទៅជា «កម្មបទ» បន្ដទៀត

ខ្ញុំយក «ប្រធាន» មកនិយាយមុន
តើ «ប្រធាន» ជាអ្វី?
«ប្រធាន» ក៏ជាពាក្យសម្រាប់និយាយ ប៉ុន្ដែអ្វីដែលគេដាក់ឈ្មោះថាជា«ប្រធាន»​នោះ ព្រោះវាជា «គោលដៅ»ដែលយើងលើកយកមកនិយាយ, ចង់បង្ហាញ, ចង់ប្រាប់ និងចង់ឲ្យអ្នកស្ដាប់ចាប់អារម្មណ៍អំពី «ពាក្យ» មួយនោះ ។ ភាគច្រើនគឺយើងផ្ដើមនិយាយមុនគេ ។

«ប្រធាន» កើតឡើងមកពី «នាម» ឬ «សព្វនាម» ដែលយើងបានរៀននៅមេរៀនមុនរួចហើយ ។ អញ្ចឹង មិនបាច់និយាយទៀតទេ (សូមមើលទៅ នាម និងសព្វនាម ឡើងវិញ បើមិនទាន់យល់) ។

តើ «កិរិយាស័ព្ទ» ជាអ្វី?
«កិរិយាស័ព្ទ» គឺជាពាក្យ ដែលបញ្ជាក់, បង្ហាញ ឬសម្ដែងពីទង្វើ, សកម្មភាព, ចលនា ឬកាយវិការ របស់ «ប្រធាន» នៅក្នុងប្រយោគមួយនោះ, វាមិនអាចជាទង្វើ របស់ប្រធានក្នុងប្រយោគផ្សេងទៀត បានទេ ។ មេរៀនខាងមុខ ខ្ញុំនឹងលំអិតអំពីពាក្យថា «កិរិយាស័ព្ទ» នេះ ។

តើ «កម្មបទ» មានន័យអ្វី?
«កម្មបទ» ក៏ជាពាក្យ សម្រាប់ប្រើនិយាយដូចគ្នា តែតួនាទីពាក្យ «កម្មបទ» គឺសម្រាប់រងអំពើពី «ប្រធាន» ដោយទង្វើអ្វីមួយ ជា «កិរិយាស័ព្ទ» ។ កម្មបទ កើតមកពី «នាម» ដែលយើងបានរៀនរួចហើយពីមុន ។

ខ្ញុំលើកឧទាហរណ៍ខ្លះអំពីការបង្កើតប្រយោគ ភាសាខ្មែរ

«ខ្ញុំ» «ហូប» «បាយ»​«។»
យើងដឹងហើយថា «ខ្ញុំ» ជាសព្វនាម តែវាដើរតួជា «ប្រធាន» ។ «ហូប» ជាកិរិយាស័ព្ទ ជាទង្វើដែលដាក់អ្វីមូយចូលក្នុងមាត់ហើយទំពារលេបៗ បែបនេះហៅថា«ហូប» ។ «បាយ» គឺជាវត្ថុ ឬរបស់របរដែលបង្កើតចេញមកពីអង្ករ, ថ្នាក់ពាក្យជា «នាម» ។ «បាយ» រងអំពើពីប្រធាន «ខ្ញុំ» ហើយ ប្រធានធ្វើទង្វើទំពារលេបៗ យូរៗទៅ បាយ​ ក៏អស់ពីក្នុងចាន នេះឯងដែលហៅថា ទទួលរងអំពើពីគេនោះ «។»

«បាយ»«នៅក្នុង»«ចាន»«។»
ម្ដងនេះ «បាយ» ជាប្រធានម្ដង ជាពាក្យដែលជាគោលដៅឲ្យគេចាប់អារម្មណ៍ ។ ជាតើបាយធ្វើទង្វើអ្វីទៅលើ«ចាន»?
គឺពាក្យកិរិយាស័ព្ទ «នៅក្នុង» បញ្ជាក់ឲ្យដឹងថា «បាយ» ត្រូវបានគេដួសដាក់ក្នុង «ចាន»មួយហ្នឹង ។

ហើយបន្ដទៅទៀត តើវាសំខាន់អ្វីសម្រាប់ភាសាកូរ៉េ?

ភាសាកូរ៉េ ក៏មិនខុសពីភាសាខ្មែរដែរ គ្រាន់តែទម្រង់នៃការនិយាយស្ដីរបស់គេ «ត្រឡប់» បន្ដិច ដោយគេនិយាយបែបនេះ

«ប្រធាន» + «កម្មបទ» + «កិរិយាស័ព្ទ»+«.»

ឧទាហរណ៍
«ខ្ញុំ»«បាយ»«ហូប»«.»
<저> <밥> <먹다> <.> (នេះមិនទាន់គ្រប់គ្រាន់/មិនទាន់ពេញលេញតាមវេយ្យាករណ៍នៅឡើយទេ)

<밥을> <그릇에> <있습니다> <.>  (ប្រយោគពេញលេញគឺបែបនេះ ទាល់តែយើងរៀនបន្ថែមទៀត ទើបយល់ថា ត្រូវធ្វើយ៉ាងម៉េច?)

អញ្ចឹង ជួបគ្នានៅមេរៀនថ្មីខាងមុខទៀត

ព្យាយាមមើល «ប្រយោគជាអ្វី» ឲ្យយល់ ទើបងាយបន្ដមេរៀនថ្មី

អរគុណច្រើនសម្រាប់ការអាន





No comments:

Post a Comment